កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននិងនគរបាលក្រុងពោធិ៍សាត់ បង្ក្រាបឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន
- 2022-05-10 09:36:12
- Views 168
កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននិងនគរបាលក្រុងពោធិ៍សាត់ បង្ក្រាបឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន
ពោធិ៍សាត់ ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១និង៣៣នាទីរសៀល កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ទោ កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ទោ អាន បញ្ញា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ដោយមានការសហការចូលរូមពីកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ ដឹកនាំដោយលោកវរសេនីយ៍ត្រីសុង គឹមសែ អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនស្រុកបាកាន ដោយមានការសម្របសម្រួលពី ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ និង នៅចំណុចផ្ទះឈើទុកចោលមួយកន្លែងនៅក្រោយផ្សារស្នាមព្រះ ស្ថិតនៅភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ទោ កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០២២ វេលាម៉ោង៥និង ៣០នាទីល្ងាច តំណាងក្រុមហ៊ុនវរប៊ុនថាំ សាខាខេត្ត ពោធិ៍សាត់ បានរាយការណ៍មកកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនថា មានករណីអតិថិជនផ្ញើថ្នាំញៀនចំនួន០១កញ្ចប់ ដាក់កំប៉ុងឡេរវេចខ្ចប់ក្នុងថង់ពណ៌ក្រហមដែលមានសរសេរលេខទូរស័ព្ទអ្នកទទួល និងអ្នកផ្ញើ ។
បន្ទាប់មកកម្លាំងនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋានក្រុងពោធិ៍សាត់ បានចុះទៅស្ដាប់ការបំភ្លឺពីបុគ្គលិកក្រុមហ៊ុន និងធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព រហូតដល់កំណត់មុខសញ្ញាជនសង្ស័យបាន ។
លោកវរសេនីយ៍ទោ កែវ សារិ បានឲ្យដឹងទៀតថា ករណីបង្ក្រាបនេះកម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ៖ ១. ឈ្មោះ គាត សុភ័ក្ត្រ ហៅ ជ័យ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដង្កៀបក្ដាម ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ២. ឈ្មោះ ហន ស៊ីធូ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ៣. ឈ្មោះ ប៊ិន វុទ្ធី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ ជាងដែក រស់នៅភូមិជើងភ្លើង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ក្នុងប្រតិបត្តិការខាងលើ កម្លាំងបានហូតវត្ថុតាងរួមមាន ៖ ក្រាមពណ៌សថ្លាមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូច និង០១កញ្ចប់ធំ ទម្ងន់សរុប ២៧.៩៩ ក្រាម (ថ្លឹងទាំងសំបកថង់) , ឧបករណ៍សម្រាប់ជក់គ្រឿងញៀនចំនួន ០១កំប្លេ, ថង់សម្រាប់ដាក់ថ្នាំញៀនដែលប្រើប្រាស់រួចចំនួន ០៣ថង់, ម៉ូតូចំនួន ០១គ្រឿង, ទូរស័ព្ទដៃចំនួន ០៤គ្រឿង, ថង់ផ្លាស្ទិចសម្រាប់ច្រកឥវ៉ាន់ផ្ញើរ(ពណ៌ក្រហម)ចំនួន ០១ថង់ និងកំប៉ុងឡេ ចំនួន ០១ កំប៉ុង ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ និងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕