មាន​ការ​បារម្ភ​ពី​ផលប៉ះពាល់​ដល់​កម្មករ​​ បើ​បរិយាកាស​នយោបាយ​មិន​ប្រសើរ

  • 2018-05-17 08:19:28
  • Views 392

Shares

ភ្នំពេញៈ សហភាពសហជីពកម្ពុជាកាលពីម្សិលមិញបានចេញសេចក្តីថ្លែងការណ៍មួយដោយសម្ដែងក្តីបារម្ភពីផលប៉ះពាល់ដល់កម្មករកាត់ដេរ ប្រសិនបើបរិយាកាសនយោបាយកម្ពុជាក្រោយការបោះឆ្នោតនាថ្ងៃទី ២៩ ខែកក្កដាឆ្នាំនេះមិនបានប្រសើរដូចការចង់បានរបស់អន្តរជាតិ។

នៅក្នុងសេចក្ដីថ្លែងការណ៍នេះបានកត់សម្គាល់ថា បន្ទាប់ពីការចាប់ខ្លួនអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងការរំលាយបក្សប្រឆាំងនេះចោលសហគមន៍អន្តរជាតិបានសុំឲ្យរដ្ឋាភិបាលកម្ពុជាស្វែងរកដំណោះស្រាយពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដើម្បីធ្វើឲ្យស្ថានការណ៍ត្រឡប់ទៅរកភាពដើមវិញ។

ជាមួយគ្នានេះសហភាពសហជីពកម្ពុជាក៏បានកត់សម្គាល់ផងដែរថា មានប្រតិកម្មពីសហគមន៍អន្តរជាតិថា អតីតគណបក្សសង្គ្រោះជាតិគួរមានឱកាសចូលរួមការបោះឆ្នោតហើយក្រុមប្រទេសដែលបានស្នើសុំរដ្ឋាភិបាលកម្ពុជាទាំងនោះគឺជាទីផ្សារសំខាន់សម្រាប់ការនាំចូលសម្លៀកបំពាក់ និងវាយនភ័ណ្ឌពីកម្ពុជា។

កាលពី ២-៣ ខែមុនក្រុមហ៊ុនបញ្ជាទិញ VF បានមកទស្សនកិច្ចនៅកម្ពុជា និងបានដាក់ញត្តិទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងបានជួបជាមួយរដ្ឋមន្ត្រីក្រសួងការងារកម្ពុជាផងដែរ។ សាររបស់ VF ទៅរដ្ឋាភិបាលកម្ពុជា គឺមានលក្ខណៈច្បាស់លាស់ដោយបានបញ្ជាក់ថាកម្ពុជាជាប្រទេសដែល VF បញ្ជាទិញសំខាន់មួយ។

ទោះយ៉ាងណា VF ថា៖ «យើងមានក្តីបារម្ភចំពោះសកម្មភាពនាពេលថ្មីៗរបស់រដ្ឋាភិបាលកម្ពុជាដែលហាក់បីដូចជា បន្ទុចបង្អាក់ភាពរីកចម្រើនឆ្ពោះទៅរកការកែលម្អសិទ្ធិកម្មករ ហើយទំនងជាបង្កើតបរិយាកាសមួយដែលប៉ះពាល់ដល់ការការពារសិទ្ធិមនុស្ស»។

យ៉ាងណាក៏ដោយ VF រំពឹងថាអ្នកផ្គត់ផ្គង់របស់ខ្លួនដោយមិនខ្វល់ថា ប្រទេសណាទេនឹងសហការដោយស្តង់ដារខ្ពស់ដែលធានាថាកម្មករត្រូវបានប្រព្រឹត្តដោយយុត្តិធម៌ទទួលបានសេរីភាពនៃការបង្កើតអង្គការវិជ្ជាជីវៈ ការប្រមូលផ្តុំ និងធ្វើការងារនៅក្នុងបរិយាកាសសុវត្ថិភាព។ ចំណាត់ការណាមួយដោយរដ្ឋាភិបាល ឬស្ថាប័នណាមួយដែលបំផ្លាញសមត្ថភាពរបស់អ្នកទិញទៅតាមស្តង់ដារគឺមិនអាចទទួលយកបាននោះទេ។

ក្រុមហ៊ុន VF Corporation ដែលជាក្រុមហ៊ុនមេនៃម៉ាកបញ្ជាទិញដូចជា ម៉ាក The North Face, JanSport និង Timberland បានបញ្ជាទិញពីរោងចក្រជាង ២០ នៅកម្ពុជាដោយបានចំណាយប្រាក់ពី ៣៥០ ទៅ ៤០០ លានដុល្លារក្នុងមួយឆ្នាំ។ នេះបើតាមក្រសួងការងារ។

របាយការណ៍ដែលចេញដោយក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឲ្យដឹងថាកម្ពុជាមានរោងចក្រចុះបញ្ជីសរុបចំនួន ១៥២២ ក្នុងឆ្នាំ ២០១៧ កើនឡើង ៣៧ ភាគរយពីរយៈពេល ៥ ឆ្នាំមុនដែលកាលនោះមានរោងចក្រតែ ១១០៨។ រោងចក្រនៅកម្ពុជាបានបង្កើតចំណូលចំនួន ១០,៧៩ ពានលានកាលពីឆ្នាំមុន កើនឡើង ៧០ ភាគរយពីឆ្នាំ ២០១៣ ដែលជាង ៧ ពាន់លានដុល្លារបានមកពីឧស្សាហកម្មនាំចេញសម្លៀកបំពាក់។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបលោក George Edgar បានឆ្លើយតបមកភ្នំពេញប៉ុស្តិ៍កាលពីសប្តាហ៍មុនថា៖ «ការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារមូលដ្ឋានគឺសំខាន់ណាស់ចំពោះការអនុវត្តគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងជាមូលដ្ឋានច្បាប់សម្រាប់ការអនុគ្រោះពាណិជ្ជកម្មរបស់យើង រួមទាំងការអនុគ្រោះពាណិជ្ជកម្មក្រោមគម្រោងនាំចូលទំនិញគ្រប់ប្រភេទលើកលែងតែអាវុធ (EBA)»។

លោកថាកម្ពុជាត្រូវបានផ្តល់ឲ្យនូវលទ្ធភាពអនុគ្រោះទៅទីផ្សារអឺរ៉ុបក្រោមគម្រោង «នាំចូលទំនិញគ្រប់ប្រភេទលើកលែងតែអាវុធ (EBA)/គម្រោងអនុគ្រោះទូទៅ (GSP)។ EBAជាកត្តាជំរុញសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

នៅក្នុងការសន្និដ្ឋានរបស់ខ្លួនកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំនេះក្រុមប្រឹក្សាកិច្ចការបរទេសរបស់សហភាពអឺរ៉ុបបានអញ្ជើញគណៈកម្មការអឺរ៉ុបបង្កើតឲ្យមានការចូលរួមពីកម្ពុជាទៅតាមបទប្បញ្ញត្តិលេខ ៩៧៨/២០១២ ។

គណៈកម្មការអឺរ៉ុបដោយសហការជាមួយសេវាសកម្មភាពការបរទេសរបស់សហភាពអឺរ៉ុប (EEAS) កំពុងតាមដានស្ថានភាពនៅកម្ពុជាយ៉ាងជិតស្និទ្ធដើម្បីវាយតម្លៃអនុលោមភាពទៅតាមអនុសញ្ញាស្តីពីសិទ្ធិមនុស្ស និងសិទ្ធិការងារនិងបង្កើតឲ្យមានការចូលរួម។ ជាផ្នែកនៃការចូលរួមនេះ វាត្រូវបានរំពឹងថា មន្ត្រីសហភាពអឺរ៉ុបជាន់ខ្ពស់ពីគណៈកម្មការនេះ និង EEAS នឹងមកទស្សនកិច្ចនៅកម្ពុជាក្នុងអំឡុងឆ្នាំនេះ ដើម្បីវាយតម្លៃស្ថានភាពនៅមូលដ្ឋានផ្ទាល់ និងដើម្បីធ្វើការងារជាមួយអាជ្ញាធរ និងផ្នែកពាក់ព័ន្ធអំពីការអភិវឌ្ឍថ្មីៗបំផុត។ ទស្សនកិច្ចបែបនេះគឺជានីតិវិធីស្តង់ដារក្រោមដំណើរការតាមដាន EBA/GSP របស់សហភាពអឺរ៉ុប។

សមាជិកសភាអឺរ៉ុបបាននិយាយនៅដើមខែនេះថា៖ «នឹងមានបេសកកម្មស្វែងរកការពិតអំពីការអនុគ្រោះពាណិជ្ជកម្មនៅខែមិថុនា ប៉ុន្តែសេចក្តីលម្អិតមិនទាន់ប្រកាសនៅឡើយទេ»។

បើតាមរបាយការណ៍របស់ធនាគារពិភពលោកកាលពីឆ្នាំ ២០១៦ វិស័យកាត់ដេរសម្លៀកបំពាក់វាយនភ័ណ្ឌស្បែកជើងនៅកម្ពុជាបាននាំចេញប្រហែល ៤៥ ភាគរយទៅអឺរ៉ុប ២៥ ភាគរយទៅអាមេរិក ១០ ភាគរយទៅជប៉ុន និង ២០ ភាគរយពីប្រទេសដទៃៗ។

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាបានថ្លែងថា៖ «យើងបារម្ភថា បន្ទាប់ពីការបោះឆ្នោត កម្មករអាចប្រឈមនឹងការបាត់បង់ការងារ ដោយសារការបោះឆ្នោតខាងមុខមិនមានលក្ខណៈសេរី យុត្តិធម៌ និងមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋ។ ខណៈប្រទេសជាច្រើនបានជួបជាមួយរដ្ឋាភិបាលដោយបានលើកពីក្តីបារម្ភរបស់ពួកគេអំពីបរិយាកាសនយោបាយនៅកម្ពុជា ប្រទេសទាំងនោះបានចេញសេចក្តីថ្លែងការណ៍ដូចជា អាមេរិក សហភាពអឺរ៉ុប និងជប៉ុនបានប្រាប់ក្នុងលក្ខណៈពាក្យពិធីសារ ថាពួកគេចង់ឃើញការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា និងឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋ»។

លោកបានបន្ថែមថា៖ «ពួកគេបានស្នើសុំរដ្ឋាភិបាលម្តងហើយម្តងទៀតឲ្យគោរពសិទ្ធិមនុស្ស សិទ្ធិកម្មករ និងកែលម្អលក្ខខណ្ឌការងារសម្រាប់កម្មករ ព្រមទាំងក្តីបារម្ភអំពីច្បាប់ដែលរឹតបន្តឹងសេរីភាពសមាគម។ ម្យ៉ាងវិញទៀត កម្មករបានរងការរំលោភបំពានរួចហើយ ខណៈសំឡេងពួកគេត្រូវបានរំលាយដូចគណបក្សសង្គ្រោះជាតិ ហើយកម្មករជាច្រើនបានបោះឆ្នោតឲ្យបក្សសង្គ្រោះជាតិ»។

ជាការឆ្លើយតបនឹងក្តីបារម្ភរបស់លោក រ៉ុង ឈុន លោក សោម អូន ដែលជាប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានថ្លែងថា៖ «ដំណើរការបោះឆ្នោតនាពេលខាងមុខមានលក្ខណៈសេរី និងយុត្តិធម៌ វាគ្មានបញ្ហាដែលបរទេសបារម្ភទេ ដោយសារការបោះឆ្នោតកម្ពុជាមិនបានប៉ះពាល់ដល់ប្រទេសដទៃ។ កម្ពុជាមិនមានច្បាប់ដែលចែងថាប៉ុន្មានភាគរយដែលលទ្ធផលគួរទទួលស្គាល់ឬអ្នកបោះឆ្នោតចំនួនប៉ុន្មានគួរមាន ដូច្នេះអ្នកបោះឆ្នោតមានជម្រើសដោយមិនមានការគំរាមកំហែង»។

លោកបានបន្តថា៖ «ពាក់ព័ន្ធនឹង EBA ឬ GSP វាមិនពាក់ព័ន្ធថា តើនរណាជាប់ពន្ធនាគារនោះទេ វាគឺអំពីលក្ខខណ្ឌការងាររបស់កម្មករ ការព្រមព្រៀងរវាងប្រទេសទាំងនេះជាមួយប្រទេសកម្ពុជា និងលក្ខណវិនិច្ឆ័យដែលបានចែង»៕ 

AA1_1
Recently Posts