មានអង្គការ​ល្បី​ឈ្មោះចំនួន​ ២ ​ប្រកាស​មិន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ក្រោយ​រង​ការព្រមាន ស្រប​ពេល​លោក​ ហ៊ុន សែន ហៅ​អ្នក​ប្រាប់​ពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត​ជា​ជន​អគតិ​

  • 2018-05-18 02:08:52
  • Views 368

Shares

ភ្នំពេញៈ អង្គការឃ្លាំមើលការបោះឆ្នោតចំនួន ២ ដែលជាស្ថាប័នឯករាជ្យដ៏ល្បីមានជំនាញខាងសង្កេតការណ៍លើដំណើរការបោះឆ្នោតគឺអង្គការ Comfrel និង Nicfec បានប្រកាសពីម្សិលមិញថា មិនចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតជាតិខែ កក្កដា ខាងមុខទេ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅអ្នកដែលបានអំពាវនាវប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោតថាជាជនអគតិមានបំណងបំផ្លាញលទ្ធិប្រជាធិបតេយ្យ។

ការធ្វើពហិការក្នុងការចូលរួមសង្កេតការណ៍បោះឆ្នោតនេះ បើតាមលោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិក គឺដោយសារតែមានការព្រួយបារម្ភប្រឈមនឹងការចោទប្រកាន់ពីលោកនាយករដ្ឋមន្ត្រីដែលធ្លាប់បានព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងបន្ទប់ស្ថានការណ៍ដែលប្រមូលផ្តុំដោយអង្គការសង្គមស៊ីវិលជាច្រើនដើម្បីឃ្លាំមើលការបោះឆ្នោត។

លោក គន្ធាមី ឲ្យដឹងថា អង្គការនិកហ្វិកជាអង្គការសង្គមស៊ីវិលឃ្លាំមើល និងសង្កេតការណ៍បោះឆ្នោត ដែលហៅកាត់ថាបន្ទប់ស្ថាការណ៍មិនបានចុះឈ្មោះចូលរួមសង្កេតការណ៍ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាថ្ងៃ ២៩ ខែកក្កដាដោយសាររដ្ឋាភិបាលព្រមានចាត់វិធានការហើយពួកគេមានក្ដីបារម្ភអំពីការចោទប្រកាន់ពីរដ្ឋាភិបាល។

លោកបានបញ្ជាក់ថា៖ «អង្គការនិកហ្វិកចូលរួមសង្កេតការណ៍ក្រៅផ្លូវការ។ យើងមិនបញ្ជូនឈ្មោះអ្នកសង្កេតការណ៍ទៅ គ.ជ.ប. ដើម្បីសុំគាត់ទេ។ យើងនៅធ្វើការផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោតស្តីពីសិទ្ធិបោះឆ្នោត។ យើងនឹងធ្វើការឈរឃ្លាំមើលដំណើរការអនុវត្តសិទ្ធិអ្នកបោះឆ្នោតដូចជាការគំរាមកំហែង ឬអំពើហិង្សា។ យើងឃ្លាំមើលក្រៅផ្លូវការ។ ថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោតយើងមិនចូលការិយាល័យបោះឆ្នោតទេតែយើងឃ្លាំមើលបរិវេណខាងក្រៅពីព្រោះយើងមិនបានបញ្ជូនឈ្មោះទៅ គជប»។

លោកបានបញ្ជាក់ថា៖ «ដោយសារយើងជួបបញ្ហាប្រឈមដោយសារអ្នកសង្កេតការណ៍របស់យើងមានការព្រួយបារម្ភហើយពួកគាត់មួយចំនួនសុំដកខ្លួនមិនចូលរួមដូច្នេះយើងត្រូវការអ្នកសង្កេតការណ៍ចំនួនតិចទេដើម្បីឃ្លាំមើលខាងក្រៅដែលមានចំនួនប្រហែល ១០០ នាក់ជាងដើម្បីចល័តឃ្លាំមើលតាមមណ្ឌលបោះឆ្នោត...អ្នកសង្កេតការណ៍របស់យើងគាត់មានការបារម្ភដោយសារឃើញសភាពការណ៍បច្ចុប្បន្នដោយសារឃើញមានការលើកឡើងផ្សេងៗឧទាហរណ៍ថាអ្នកណាមិនទៅបោះឆ្នោត និងមានបញ្ហាជាពួកបដិវត្តពណ៌ ពួកឧទ្ទាមដែលជាពាក្យចចាមអារ៉ាមកន្លងមកដែលធ្វើឲ្យអ្នកសង្កេតការណ៍របស់យើងមានការព្រួយបារម្ភ ដូច្នេះហើយអ្នកដែលធ្លាប់ធ្វើការជាមួយយើងច្រើនអាណត្តិហើយគាត់ក៏សុំឈប់ទៅ»។

លោកបន្ថែមថា ការបោះឆ្នោតលើកនេះនឹងរលូនដោយសារតែមានកម្លាំងសមត្ថកិច្ច ៨ ម៉ឺននាក់ ហើយថាកាលពី ២០១៣ កន្លងទៅអង្គការលោកបានដាក់អ្នកសង្កេតការណ៍ចំនួន ២៥០០ នាក់ និង ២០១៧ ជាង ១ ម៉ឺននាក់។ អង្គការនិកហ្វិកធ្វើជាអ្នកសង្កេតការណ៍តាំងពីឆ្នាំ ១៩៩៨។

លោកបន្តថា និកហ្វិក មិនមានសម្ព័ន្ធទៀតទេដោយសារថា បន្ទាប់ពីបោះឆ្នោតឆ្នាំ ២០១៧ ហើយក្រសួងមហាផ្ទៃបានចារលិខិតមកអង្គការនិកហ្វិកឲ្យបញ្ឈប់បន្ទប់ស្ថានការណ៍ពេលនោះស្ថាប័នដែលប្រមូលផ្តុំដោយអង្គការសង្គមស៊ីវិលនោះក៏បានរំសាយវិញ។

លោកបញ្ជាក់ថា៖ «ឥឡូវនេះយើងធ្វើការដោយឡែកពីគ្នាហើយភាគច្រើនអង្គការដែលចូលរួមពីមុនមកគាត់ក៏មិនបានចូលរួមសង្កេតការណ៍បោះឆ្នោតដូចមុនដែរ។ តាមខ្ញុំបានប្រជុំជាមួយអង្គការដៃគូមិនមានអង្គការសង្គមស៊ីវិលនៅក្នុងបន្ទប់ស្ថានការណ៍ចុះឈ្មោះសង្កេតទេហើយអង្គការ ខមហ្វ្រែល ក៏ធ្វើដូច អង្គការ និកហ្វិក សង្កេតនៅខាងក្រៅដូចគ្នា ខណៈពេលអង្គការលីកាដូ និងអាដហុកគាត់ឃ្លាំមើលតែបញ្ហាសិទ្ធិមនុស្ស និងនយោបាយ»។

លោក យ៉ង សាំងកុមារ ប្រធានក្រុមប្រឹក្សាគោលនយោបាយគណបក្សប្រជាធិបតេយ្យមូលដ្ឋានថ្លែងថាលោកមិនទាន់បានទទួលដំណឹងជាផ្លូវការនៅឡើយអំពីចំនួននៃស្ថាប័នណាខ្លះចូលរួមសង្កេតការណ៍ ព្រោះថាការសង្កេតការណ៍បោះឆ្នោតគឺជារឿងស្លាប់រស់សម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះហើយថាបើគណបក្សរបស់លោកមិនមានអ្នកសង្កេតការណ៍ស្របតាមចំនួនដែលចង់បានទេគណបក្សនឹងពិចារណាថានឹងចូលរួមបោះឆ្នោត ឬយ៉ាងណា?

លោកថា៖ «យើងចាំមើលវាយតម្លៃសភាពការណ៍តទៅទៀតរហូតដល់ខែមិថុនាយើងនឹងធ្វើការសម្រេចចិត្តម្តងទៀតថាយើងនឹងបន្តដំណើរទៅមុខទៀតឬយ៉ាងណាដែរ។ ដូចគណបក្សមូលដ្ឋានយើងបានបញ្ជាក់ជំហររបស់ខ្លួនហើយថាទោះបីយើងបានដាក់បញ្ជីឈ្មោះបោះឆ្នោតក៏យើងមិនទាន់សម្រេចថាយើងចូលរួមការឃោសនាឬក៏អត់ទេ?»។

លោកបញ្ចាក់ថា៖ «ប្រសិនបើគណបក្សមូលដ្ឋានយើងកំពុងតែជ្រើសរើសអ្នកសង្កេតការណ៍បោះឆ្នោតដែរយើងមិនត្រឹមតែរង់ចាំអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិទេយើងត្រូវជួយខ្លួនឯងដែរ។ ខាងគណបក្សយើងក៏រើសអ្នកសង្កេតការណ៍ផ្ទាល់ខ្លួនយើងដែរប្រសិនបើយើងមិនមានអ្នកសង្កេតការណ៍គ្រប់ចំនួនអប្បរមាស្តង់ដាររបស់យើង យើងនឹងមិនចូលរួមទេ»។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចបានលើកឡើងថា ទោះបីមានអ្នកសង្កេតការណ៍ឬអត់វាមិនប៉ះពាល់លទ្ធផលបោះឆ្នោតទេ។

លោកថ្លែងថា ប៉ះពាល់លទ្ធផលបោះឆ្នោតស៊ីសងទៅលើអ្នកបោះឆ្នោតមិនមែនលើអ្នកសង្កេតការណ៍នោះទេ ហើយថាការសម្រេចមិនចូលរួមការបោះឆ្នោតជាសិទ្ធិរបស់ពួកគេ ហើយទោះបីអវត្តមានអង្គការ ២ នោះក៏មានអង្គការជាច្រើនទៀតចូលរួមដូច្នេះមិនប៉ះពាល់លទ្ធផល និងដំណើរការបោះឆ្នោតទេពីព្រោះពួកគេចូលរួមកន្លងទៅមិនធ្វើឲ្យដំណើរការបោះឆ្នោតរលូនទេ។

លោកបានបញ្ជាក់ថា៖ «មានកន្លែងខ្លះ គាត់ធ្វើមានការរាំងស្ទះ ឬមួយធ្វើឲ្យមានបញ្ហាខាងសតិអារម្មណ៍ពាក់ព័ន្ធនឹងការបោះឆ្នោត។ គ្មានការស្ទង់មតិ បញ្ចេញមតិ ឬវាយតម្លៃផ្សេងក្រៅផ្លូវការអត់ទេគឺខុសច្បាប់ហើយ ហើយបើចង់និយាយត្រូវតែចុះជាអ្នកសង្កេតការណ៍បោះឆ្នោតបានត្រឹមត្រូវតាមគោលការណ៍ច្បាប់»។

លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន កាលពីម្សិលមិញថាច្បាប់បោះឆ្នោតមាត្រា ១០ នៃការជ្រើសតាំងតំណាងរាស្ត្រចែងថាអ្នកសង្កេតការណ៍អាចដាក់ពាក្យជាអ្នកសង្កេតការណ៍ក៏បានមិនដាក់ក៏មិនមានចាប់បង្ខំទេ ការបោះឆ្នោតនៅតែទៅរួច។

លោកបន្ថែមថា៖ «អត់មានបញ្ហាអីទាល់តែសោះ។ ការបោះឆ្នោតនៅតែស្របច្បាប់ដដែលមិនត្រឹមអង្គការខមហ្វ្រែលអង្គការនិកហ្វិក ឬអង្គការដទៃទៀតទេបើមិនដាក់ពាក្យសង្កេតការណ៍ក៏ការបោះឆ្នោតហ្នឹងនៅតែស្របច្បាប់ និងទទួលយកបានហើយត្រូវចាំថាអង្គការ អ្នកសង្កេតការណ៍ និងស្ថាប័ននានាត្រូវតែមានជំហរអព្យាក្រឹត»។

លោកបានឲ្យដឹងផងដែរថារហូតមកដល់ពេលនេះមានអ្នកសង្កេតការណ៍ជាង ៤០០០ នាក់ក្នុងនោះមានសហព័ន្ធយុវជនកម្ពុជាដែលត្រូវប្រកាសទទួលរួចហើយដែលមានចំនួនជាង ២០០០ នាក់ និងសមាគមគ្រឹះស្ថានឧត្តមសិក្សា មានអ្នកសង្គេតការណ៍ជាង ២០០០ នាក់ទូទាំងប្រទេស។

ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើទំព័រ Facebook កាលពីម្សិលមិញថា៖ «ច្បាស់ណាស់គឺគ្មានមេដឹកនាំណាមួយណែនាំពលរដ្ឋខ្លួនមិនឲ្យទៅបោះឆ្នោតទេ មានតែជនអគតិដែលមានបំណងបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងឆន្ទៈប្រជាពលរដ្ឋទេ ទើបពួកគេអាចធ្វើដូច្នេះ»។

លោក ហ៊ុន សែន បានប្រៀបធៀបភាគរយនៃការចូលរួមបោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋរវាងប្រទេសកម្ពុជា និងសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកគឺកម្ពុជានៅតែមានអត្រាប្រជាពលរដ្ឋទៅបោះឆ្នោតច្រើនជាងបណ្តាប្រទេសទាំងនេះ។

លោកបញ្ជាក់ថាអឺរ៉ុបមានប្រជាពលរដ្ឋទៅបោះឆ្នោតក្នុងរង្វង់ ៣០% ក៏អាចទទួលយកបាន រីឯសហរដ្ឋអាមេរិកគឺមានពលរដ្ឋទៅបោះឆ្នោតតែក្នុងរង្វង់ ៤០% ប៉ុណ្ណោះ។ ប៉ុន្តែចំពោះកម្ពុជាគឺមានពលរដ្ឋជាង ៦៩% ទៅបោះឆ្នោត។ នេះគឺបង្ហាញច្បាស់អំពីការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជាមិនដូចការបកស្រាយដោយជនអគតិមួយចំនួនឡើយ៕

AA5
Recently Posts