រង​ការ​រិះគន់​យ៉ាងខ្លាំង​ រវាង​លោកពូ​ទី​ន និង​​លោក​ត្រាំ​ ​

  • 2018-07-17 09:00:53
  • Views 395

Shares

រងការរិះគន់យ៉ាងខ្លាំង រវាងលោកពូទីន និងលោកត្រាំ

សហរដ្ឋអាមេរិក និងរុស្ស៊ី ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃទី១៦ កក្កដា នៅទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់ថា លោកពិភាក្សាដោយស្ថាបនាជាមួយប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ពេលជួបគ្នាកំពូល។
ក្នុងសន្និសីទសារព័ត៌មានរួមមួយនៅក្រុងហែលស៊ិនគី លោកត្រាំថ្លែងថា ប្រសិនបើគេចង់ដោះស្រាយ បញ្ហាជាច្រើនលើពិភពលោក គេត្រូវស្វែងរកមធ្យោបាយនានានៃកិច្ចសហប្រតិបត្តិការ។ លោកថា បានលើកបញ្ហាសំខាន់មួយចំនួនធំសម្រាប់ប្រទេសទាំង២ ក្នុងនោះរួមមានបញ្ហាសង្គ្រាមនៅស៊ីរី បញ្ហាអ៊ីរ៉ង់ ភេរវកម្ម និងការត្រួតពិនិត្យអាវុធនុយក្លេអ៊ែរ ព្រមទាំងបញ្ហាសន្មត់ថា ការជ្រៀតជ្រែករបស់រុស្ស៊ីចូលការបោះឆ្នោតអាមេរិកឆ្នាំ២០១៦។ យើងបានបោះបណ្ដាជំហានដំបូងឆ្ពោះទៅរកអនាគតដ៏ប្រសើរ ដោយផ្អែកលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការនិងសន្តិភាព។


លោកត្រាំបន្តទៀតថា គ្មានហេតុផលណាមួយដែលជឿថា រុស្ស៊ីធ្វើអន្តរាគមន៍ចូលក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ ដើម្បីជួយឲ្យលោកឈ្នះឆ្នោតចូលកាន់សេតវិមានឡើយ។

ក្នុងសន្និសីទសារព័ត៌មាន ក្រោយលោកជួបជាមួយលោកពូទីន លោកត្រាំពុំបាននិយាយពាក្យពេចន៍អវិជ្ជមានណាមួយ ចំពោះសមភាគីរុស្ស៊ីឡើយ លើបណ្ដាបញ្ហាដែលនាំឲ្យមានភាពតានតឹងរវាងក្រុងវ៉ាស៊ិនតោន និងក្រុងមូស្គូដែលស្ទើរតែនាំដល់កម្រិតនៃសង្គ្រាមត្រជាក់ថ្មីទៅហើយនោះ។

ពេលសួរលោកពីការជ្រៀតជ្រែករបស់រុស្ស៊ី ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក លោកត្រាំអះអាងថា ព័ត៌មាននោះផ្ដល់ឲ្យលោកដោយប្រមុខ CIA ប៉ុន្តែពុំមានហេតុផលគួរឲ្យជឿជាក់ណាមួយឡើយ។


ចំណែកប្រធានាធិបតីរុស្ស៊ីលោកពូទីន នាថ្ងៃទិ១៦ កក្កដា ចាត់ទុកការចរចានៅក្រុងហែលស៊ិនគី ជាមួយលោកត្រាំថា ជាជោគជ័យ និងមានប្រយោជន៍បំផុត ដោយលោកយល់ថា ភាគីទាំង២ចាប់ផ្ដើមយល់ពីគ្នាហើយ។ក្នុងសន្និសីទសារព័ត៌មានរួម លោកពូទីនថ្លែងថា ការចរចាគ្នាប្រព្រឹត្តទៅក្នុងបរិយាកាសត្រង់ៗ និងការងារមួយ។ ខ្ញុំចាត់ទុកការចរចានោះថា ជោគជ័យ និងមានប្រយោជន៍ខ្លាំងណាស់។ និយាយរួមមក យើងរីករាយចំពោះការជួបគ្នា ដោយពិតប្រាកដលើកដំបូង។ យើងនិយាយគ្នាយ៉ាងល្អ ហើយខ្ញុំសង្ឃឹមថា យើងចាប់ផ្ដើមយល់គ្នាល្អ។ យើងពុំទាន់អាចត្រួសត្រាយគ្រប់យ៉ាង តែយើងបានបោះជំហានសំខាន់មួយក្នុងទិសដៅនេះ។

លោកពូទីនអះអាងជាថ្មីថា រុស្ស៊ីដាច់ខាតពុំបានជ្រៀតជ្រែកចូលក្នុងការបោះឆ្នោអាមេរិកឡើយ ដោយលោកបញ្ជាក់ថា លោកត្រាំបានលើកពីរឿងនោះ ដែលជាកម្មវត្ថុនៃការស៊ើបអង្កេតមួយនៅសហរដ្ឋអាមេរិក។ លោកអំពាវនាវកុំឲ្យយកទំនាក់ទំនងរុស្ស៊ី -អាមេរិកធ្វើជាកម្មវត្ថុនៃការតស៊ូនយោបាយផ្ទៃក្នុងនៅសហរដ្ឋអាមេរិក។

ក្រោយការជួបគ្នាកំពូលនោះជាមួយលោកពូទីន លោកត្រាំរងការរិះគន់ខ្លាំងនៅក្នុងប្រទេសមិនថា ពីពួកអ្នកប្រជាធិបតេយ្យឡើយក្នុងជួរពួកអ្នកសាធារណរដ្ឋក៏រិះគន់លោកដែរ៕

A4
Recently Posts