ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តព្រះវិហារ អំពាវនាវដល់មនុស្សគ្រប់ស្រទាប់វណ្ណៈ ឲ្យចូលរួមអភិរក្ស និងថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ជាតិ ដែលដូនតាខ្មែរបានបន្សល់ទុកជាច្រើនសតវត្សរ៍កន្លងមក សម្រាប់កូនចៅគ្រប់ៗជំនាន់ !

  • 2021-09-10 12:11:10
  • Views 78

Shares

ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តព្រះវិហារ អំពាវនាវដល់មនុស្សគ្រប់ស្រទាប់វណ្ណៈ ឲ្យចូលរួមអភិរក្ស និងថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ជាតិ ដែលដូនតាខ្មែរបានបន្សល់ទុកជាច្រើនសតវត្សរ៍កន្លងមក សម្រាប់កូនចៅគ្រប់ៗជំនាន់ !

  ខេត្តព្រះវិហារ៖ ការអំពាវនាវនោះ បានធ្វើឡើងដោយលោក នៅ ចាន់គាង តំណាងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តព្រះវិហារ លោក នៅ ចាន់គង់ ដែលមានការចូលរួមពី លោក មួង ចាន់តី ប្រធានការិយាល័យសារមន្ទីរ និងជាអ្នកបុរាណវិទ្យាខេត្តព្រះវិហារ កាលពីល្ងាចថ្ងៃ៧កក្កដាឆ្នាំ២០២១ ពេលដឹកនាំមន្ត្រី និងឆ្មាំការពារប្រាសាទ ចុះពិនិត្យលើការរៀបរយ នៅលើទីតាំងប្រាសាទមួយកន្លែង ឈ្មោះ «ប្រាសាទយក្សមុយ» ស្ថិតនៅក្នុងឃុំតស៊ូ ស្រុកជ័យសែន ដែលនៅជាប់នឹងព្រំប្រទល់ស្រុកឆែប ខេត្តព្រះវិហារ។

  អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តព្រះវិហារ លោក នៅ ចាន់គាង បានថ្លែងឲ្យដឹងថា ប្រាសាទយក្សមុយនេះ គឺគេហៅតាម ភាសាជនជាតិកួយ ហើយក៏គ្មានឯកសារណាមួយដែលបញ្ជាក់ច្បាស់លាស់ ថាប្រាសាទយក្សមុយនេះ បានកសាងឡើងអំពីវត្ថុធាតុដើមអ្វីខ្លះនោះទេ ស្ថិតនៅក្នុងសតវត្សរ៍ទីប៉ុន្មាន និងរជ្ជកាលស្តេចអង្គណានោះដែរ ដោយសារតួរប្រាសាទ និងសិលាចារឹកនៅលើប្រាង្គប្រាសាទ បានរងការបាក់បែកខ្ទេចខ្ទីជាបំណែកៗ រលុបបាត់ស្នាម និងបាត់រូបរាងអស់ទៅហើយ។ ប៉ុន្តែ បើយោងតាមការស្រាវជ្រាវ តាមលក្ខណៈបច្ចេកទេស ក៏ដូចជាជំនាញបុរាណវិទ្យា គិតទៅលើសម្ភារៈសំណង់ ដង្គុំសំណង់ និងរចនាសម្ព័ន្ធប្រាសាទ បានសន្និដ្ឋានថា «ប្រាសាទយក្សមុយ»នេះ អាចនឹងត្រូវកសាងឡើងដោយថ្មបាយក្រៀម និងថ្មភក់ នៅចន្លោះសតវត្សរ៍ទី១១ និងសតវត្សរ៍ទី១២ នៅក្នុងចន្លោះឆ្នាំ១០០១-១០០២ ទៅ ១០៦៦ ស្ថិតនៅក្នុងរចនាបថឃ្លាំង ឬបាពួន នាសម័យអង្គរ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។ លោកបានបញ្ជាក់ថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តព្រះវិហារ មានតួនាទី និងភារកិច្ច ក្នុងការគ្រប់គ្រងសម្បត្តិបេតិកភណ្ឌជាតិ នៅក្នុងមូលដ្ឋានខេត្ត គឺមានវិសាលភាពគ្របដណ្តប់នៅក្នុងស្រុក៧ និងក្រុង១ ហើយសម្បត្តិបេតិកភណ្ឌ ត្រូវបានចែកចេញជាពីរ គឺបេតិកភណ្ឌរូបិយ និងបេតិកភណ្ឌអរូបិយ។ ដោយឡែក នៅក្នុងស្រុកឆែប និងស្រុកជ័យសែន គឺមានទីតាំងប្រាសាទចំនួន ១០ ដែលមន្ទីរកំពុងធ្វើការអភិរក្ស និងថែទាំជាប្រចាំ ដោយបានដាក់ឆ្មាំ ២នាក់ សម្រាប់មើលថែ និងការពារប្រាសាទទាំងនោះ កុំឲ្យមានការទន្ទ្រានផ្សេងៗពីខាងក្រៅ មកលើតំបន់ប្រាសាទ ហើយនៅក្នុងតំបន់នេះ មានប្រាសាទ យក្សមុយ យក្សជង្គុយ ក្រូចព្រួស យក្សភ្លុក ព្រះពុទ្ធបាក់ក និងមានប្រាសាទនានាជាច្រើនទៀត ផងដែរ។ នៅក្នុងបរិវេណប្រាសាទយក្សមុយ គឺមានគូទឹក២ និងមានផ្ទៃដីព្រៃឈើ សរុប ប្រមាណជា ៦ហិចតា។

  លោក នៅ ចាន់គាង ក្នុងនាមប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តព្រះវិហារ លោក នូវ ចាន់គង់ បានអំពាវនាវដល់មនុស្សគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ រួមនឹងអាជ្ញាធរពាក់ព័ន្ធនានាក្នុងមូលដ្ឋាន សូមចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ ដែលដូនតាបានបន្សល់ទុក តាំងពីច្រើនសតវត្សរ៍មកហើយ ឲ្យបានគង់វង្ស ដើម្បីផ្តល់ការចងក្រង និងការសិក្សាសម្រាប់អ្នកជំនាន់ក្រោយ ក្នុងការស្វែងយល់ពីតម្លៃសម្បត្តិបេតិកភណ្ឌដ៏ល្អផូរផង់របស់ជាតិ។

  គួរបញ្ជាក់ថា នៅក្នុងខេត្តព្រះវិហារ មានប្រាសាទបុរាណតូចធំជាច្រើន ដោយក្នុងនោះ ប្រាសាទធំៗ មានចំនួន ៤ គឺប្រាសាទព្រះវិហារ ប្រាសាទកោះកេរ្តិ៍ ប្រាសាទអ្នកបួស និងប្រាសាទបាកាន ហើយប្រាសាទទាំងអស់ កំពុងស្ថិតនៅក្នុងការគាំពាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទាំងប្រមុខរាជរដ្ឋាភិបាល និងក្រសួងវប្បធម៌ និងវិចិត្រសិល្បះ តែងបានជម្រុញឲ្យមានការថែរក្សា ការពារឲ្យបាននូវសម្បត្តិវប្បធម៌ ដែលដូនតាបានបន្សល់ទុកឲ្យកូនចៅគ្រប់ៗជំនាន់ក្រោយ បានដឹង និងបានស្គាល់ពីតម្លៃ នៃវប្បធម៌ និងអារ្យធម៌ដ៏ល្អផូរផង់របស់ជាតិ៕ 

dddddd
ccccccccc

 

 

Recently Posts